ការងារ ១០ ដែលមានគ្រោះថ្នាក់ ជាងគេ​បំផុត នៅក្នុងពិភពលោក 24-Jan-2015 10:37 am(3,169 Views)
 

 

មនុស្សចង់ធ្វើការងារងាយៗ ដែលផ្តល់ឱកាស ដល់ពួកគេក្នុងការ រកចំណូល ប៉ុន្តែក៏មានមនុស្សមួយចំនួន មានចិត្តក្លាហាន ទទួលយកការងារ ដែលមានគ្រោះបំផុត នៅលើពិភពលោក។ ដូច្នេះ មានការងារមួយចំនួន ដែល​លំបាកបំផុត ហើយដែលអ្នកគួរតែ ជៀសវាង ឬគួរនិយាយថាខ្ញុំមិនប្រថុយធ្វើការងារ ដែលប្រកប​ដោយ គ្រោះថ្នាក់ទាំងនេះទេ ដរាបណាអ្នក មានសេចក្តីក្លាហាន និងទំនុកចិត្តចំពោះការងារនោះ។

 

10. អ្នកស៊ីឈ្នួលសម្តែងជំនួសគេ (Stunt Man):

 

 

អ្នកស៊ីឈ្នួលសម្តែងជំនួស គឺជាអ្នកដែលសម្តែងជំនួសគេ នៅក្នុងខ្សែភាពយន្ត ពោលគឺជំនួស តួសម្តែង​ក្នុងរឿង។ ស្តាប់ទៅគួរឱ្យចាប់អារម្ម​ណ៍ ក្នុងការសម្តែងជំនួសគេ ជាពិសេសចំពោះ ការថតខ្សែភាព​យន្តខ្នាត​ធំ​ របស់ Hollywood។ 

 

អ្នកស៊ីឈ្នួលសម្តែងជំនួស ភាគច្រើនគឺអាចប្រឈម នឹងគ្រោះថ្នាក់ដល់រាង្គកាយ។ ប្រសិនបើអ្នកស៊ីឈ្នួល ​សម្តែង​ជំនួស ​​ភ្លាត់ស្នៀត​​តែបន្តិច អាចនឹងគ្រោះថ្នាក់ ដល់ជីវិតបាន។ អ្នកស៊ីឈ្នួលសម្តែងជំនួស ក្នុង​ការថតខ្សែភាពយន្ត ខ្នាតតូច គឺទទួលបានប្រាក់ខែទាប។ ប៉ុន្តែសព្វថ្ងៃនេះ អ្នកស៊ីឈ្នួលសម្តែងជំនួស បាន​ចាប់ផ្តើមសម្តែងមតិ ពីការតវ៉ារបស់ពួកគេ ក្នុងការទាមទារ ឱ្យធានាបានសុវត្ថិភាព និងមានប្រាក់ខែសមរម្យ។ 

 

9. ជាងតភ្លើងអគ្គីសនី (Electrician: Lineman and Power Worker):

 

 

 

បច្ចុប្បន្ននេះ ភ្លើងអគ្គីសនី គឺជារបស់ចាំបាច់ទីមួយ របស់យើង ក្រៅពីអាហារ និងសុវត្ថិភាព។ យើងមិនអាច​រស់នៅ ​ដោយ​​គ្មានអគ្គីសនី ប្រើប្រាស់ ដូចជាមើលទូរទស្សន៍ សាកថ្មទូរស័ព្ទ លេងហ្គេម ឬធ្វើអ្វីៗផ្សេងទៀត។ 

 

បើនិយាយពីបុគ្គលិក ដែលធ្វើការជាមួយនឹង ចរន្តភ្លើងអគ្គីសនីវិញ តើអ្នកគិតយ៉ាងដូចម្តេចដែរ? ការងាររបស់ពួកគេ គឺពិតជាគ្រោះថ្នាក់ណាស់។ ជាងតភ្លើង គឺជាអ្នកដែលទទួលខុសត្រូវ លើឧបករណ៍ប្រើ អគ្គីសនី ខែ្សភ្លើង និងរបស់របរផ្សេងទៀត។ ប្រសិនបើចរន្តភ្លើង ខុសប្រក្រតី នៅកន្លែង​ណាមួយ គ្រោះថ្នាក់នៃការឆក់ ក៏កើតមាននៅទីនោះដែរ ជាពិសេស គឺអាចប្រឈមមុខ នឹង​ការបាត់បង់​ជីវិត។ 

 

8. អង្គរក្ស (Bodyguard):

 

 

 

អង្គរក្ស គឺជាការងារមួយ ដែលមនុស្សជាច្រើន ចាប់អារម្មណ៍។ ចូរស្រមៃថា ការងាររបស់អ្នក គឺដើម្បីការ​ពារ​ជនសំខាន់ ឬមន្ត្រីថ្នាក់កំពូល ដោយការពារសុវត្ថិភាព គ្រប់ពេលវេលា ហើយប្រយុទ្ធ ជាមួយ នឹងសត្រូវដើម្បី​ការពារពួកគេ។

 

ក្នុងនាមជាអង្គរក្សម្នាក់ អ្នកត្រូវទទួលខុសត្រូវ ចំពោះសន្តិសុខ និងសុវត្ថិភាព របស់អតិថិជន។ វាគឺជាភារកិច្ចចំបង និងសំខាន់បំផុត ក្នុងការការពារពួកគេ ទោះបីជាត្រូវលះបង់ជីវិតក៍ដោយ។ លើសពីនោះទៀត ជាអង្គរក្ស អ្នកគឺជាគោលដៅដំបូង នៃសត្រូវរបស់អតិថិជន ដែលអ្នកត្រូវការពារ។

 

7. អ្នកពន្លត់អគ្គីភ័យ (Firefighters):

 

 

 

គេទូរស័ព្ទហៅអ្នកពន្លត់អគ្គីភ័យ នៅពេល​មានភ្លើងឆេះ កើតឡើង មិនថាភ្លើងឆេះព្រៃ ឬឆេះផ្ទះទេ។ ជាអ្នកពន្លត់អគ្គីភ័យ អ្នកនឹងត្រូវបានគេហៅជួយ គ្រប់ពេលវេលា។ ការពិតការងារនេះ វាល្អណាស់ពីព្រោះ បានជួយប្រជាពលរដ្ឋ ប្រសិនបើអ្នកមិនប្រឈម នឹងគ្រោះថ្នាក់។

 

ប៉ុន្តែអ្នកពន្លត់អគ្គីភ័យ ត្រូវប្រឈមនឹងគ្រោះថ្នាក់ ស្ទើរតែគ្រប់ពេល។ ប្រសិនបើភ្លើងមិនរលត់ គឺជាការទទួលខុសត្រូវ យ៉ាងសំខាន់ ដោយសារវាអាចបង្កគ្រោះថ្នាក់ ដល់អ្នក។ សូម្បីតែនៅក្នុងករណីភ្លើង ឆេះធម្មតាៗ ក៏អ្នកពន្លត់អគ្គីភ័យ ទទួលរងការឆេះរលាក និងមានស្លាកស្នាម ពេញរាង្គកាយ។

 

6. មគ្គុទេសន៍ឡើងភ្នំ (Mountain Guide):

 

 

 

ជីវិតរបស់មគ្គុទេសន៍ឡើងភ្នំ គឺមិនមែនជា ការងាយស្រួលនោះទេ។ មគ្គុទេសន៍ឡើងភ្នំ គឺជាអ្នកដែលនាំ​មនុស្ស ដែលចង់ឡើងភ្នំ ដោយណែនាំពួកគេ ពីរបៀបឡើង។ ប៉ុន្តែមានបញ្ហា និងឧបសគ្គជាច្រើន ដែល​ពួកគេ​​ត្រូវជួបប្រទះ ជាពិសេសគឺនៅពេល អាកាសធាតុមិនអំណោយផល និងមានធ្លាក់ទឹកកក។ ជាមួយគ្នានេះ វាក៏អាចប្រឈម នឹងការបាក់ដី នៅពេលអ្នកឡើងភ្នំ ដែលមានអាកាសធាតុ ធ្លាក់ព្រិល។

 

5. អ្នកបោសសំអាតមីន (Land Mine Removers):

 

 

 

មីនត្រូវបានគេដាក់ នៅតំបន់ដែលមានជម្លោះ នយោបាយ និងភាពតានតឹងផ្នែកយោធា ដូចជានៅតំបន់ Kashmir ជាដើម។ ទោះបីជាថា ការងារបោសសំអាតនេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ប៉ុន្តែវានៅតែ មានគ្រាប់មីន នៅក្នុងដីនៃប្រទេសមួយចំនួន លើលោកនេះ។

 

ជាទូទៅរដ្ឋាភិបាលមួយ មិនមានលទ្ធភាព និងធនធានគ្រប់គ្រាន់ ដើម្បីបោសសំអាតមីន ទាំងនេះបាន។ អ្នកបោសសំអាតមីន គឺជាអ្នកដែលគេជួល ឱ្យដោះមីនចេញ ពីដីនៅកន្លែងណាមួយ ប៉ុន្តែប្រសិនបើពួកគេ​ មិន​អនុវត្តតាមនីតិវិធី ដែលគេកំណត់ទេ អាចនឹងមានការផ្ទុះកើតឡើង និងមានគ្រោះថ្នាក់ដល់ជីវិត។

 

4. អ្នកនេសាទនៅផ្ទៃសមុទ្រជ្រៅ (Deep Sea Fisherman):

 

 

 

ក្នុងមួយឆ្នាំៗ ឧស្សាហកម្មនេសាទត្រី នៅជុំវិញពិភពលោក គឺប្រើប្រាស់និយោជិករាប់លាន ដើម្បីធ្វើការនៅតំបន់សមុទ្រ ដែលមានគ្រោះថ្នាក់។ គ្រាន់តែនៅរដ្ឋ Alaska មានអ្នកនេសាទស្លាប់​ សរុបប្រមាណជា១ភាគ៣ នៃការស្លាប់ដោយសារគ្រោះថ្នាក់ ការងារទាំងអស់។ ការលីសែងអាហារ​សមុទ្ រដែលមានទម្ងន់ រាប់រយគីឡូ គឺជារឿងមួយ ប៉ុន្តែថែមទាំង មានភ្លៀងធ្លាក់ខ្លាំង ខ្យល់បោកបក់ កើត​ជាព្យុះភ្លៀង និងរលកធំៗ ព្រមទាំងមានត្រីឆ្លាម ម៉ឹក ។ល។ ប្រាក់ចំណូលដែលបានមក ពីរបរនេះ គឺមិនសម នឹងអ្នកនេសាទ យកអាយុជីវិតទៅប្រថុយប្រថានឡើយ។

 

3. អ្នកបើករថយន្តដឹកទំនិញ (Truck Driving):

 

 

 

ការបើករថយន្តធុនតូច គឺជាការសប្បាយរីករាយ ប៉ុន្តែប្រសិនបើ អ្នកបើកបររថយន្តធុនធំៗវិញនោះ វាជារឿងដោយឡែកមួយទៀត។ មិនថាអ្នកបើកបរ រថយន្តក្រុង ឬរថយន្តប្រភេទធំៗ ដូចជា រថយន្តដឹកទំនិញជាដើម អ្នកនឹងបង្កើន ការប្រុងប្រយ័ត្នជានិច្ច មិនថាស្ថិតនៅក្នុងកាលៈទេសៈ​ ណាក៍ដោយ។

 

ជាអ្នកបើកបររថយន្ត ដឹកទំនិញធំៗ គឺមិនមែនជាការងារ ងាយស្រួលនោះទេ។ អ្នកបើកបររថយន្តត្រូវ បើកឱ្យដល់ទិសដៅ និងទាន់ពេលវេលា មិនថានៅពេលថ្ងៃ ឬពេលយប់។ នៅពេលអាកាសធាតុមិនល្អ យើងតែងតែផ្អាក ការធ្វើដំណើរ មួយរយៈពេលសិន ប៉ុន្តែសម្រាប់អ្នកបើកបររថយន្ត ដឹកទំនិញ គឺមិនអាចផ្អាកបានទេ បើទោះជាអាកាសធាតុនោះ គ្រោះថ្នាក់ខ្លាំងប៉ុណ្ណាក៍ដោយ។ លើសពីនោះទៀត ពួកគេមានពេលវេលា ដេកតិចណាស់  ព្រោះការងារនេះគឺវាតម្រូវយ៉ាងដូច្នេះ។

 

2. កម្មករកាប់ឈើ (Logging Workers):

 

 

 

ការកាប់ឈើរលំ គឺជាការងារមួយ ទំនងជាមិនមានគ្រោះថ្នាក់ ប្រសិនបើយើងគិត​មួយភ្លែត។ ប៉ុន្តែបើអ្នកចំណាយពេល ទៅមើលការកាប់ឈើ ក្នុងព្រៃផ្ទាល់តែម្តង អ្នកនឹងដឹងថា ការងារនេះ​មានគ្រោះថ្នាក់ប៉ុណ្ណា។

 

គ្រោះថ្នាក់ ដែលតែងកើតឡើងគឺ ឈើរអិលធ្លាក់ចុះ ពីលើ ត្រាក់ទ័របុកគ្នា ផ្លូវរលាក់ដែលអាចបង្ក ឱ្យ​មានគ្រោះ ដល់ដងខ្លួនខាងក្រោម បាក់ឆ្អឹង គ្រេចថ្លោះ មុតរណា និងមុតពូថៅ ។ល។ ដោយសារតែនៅឆ្ងាយពីពេទ្យ មុខរបួសដែលបណ្តាល មកពីគ្រោះថ្នាក់ កាន់តែធ្ងន់ធ្ងរ។

 

1.  កម្មករអណ្តូងរ៉ែធ្យូងថ្ម (Coal Mining):

 

 

 

កម្មករធ្យូងថ្ម គឺជាការងារមួយ ដែលគេចាត់ទុកថា មានគ្រោះថ្នាក់បំផុត។ មូលហេតុទីមួយគឺ ប្រហែលអ្នកជីកយកធ្យូង ជ្រៅខ្លាំងពេក ដែលអាចកប់ខ្លួនឯង និងអ្នកដទៃ ក្នុងរណ្តៅធ្យូងថ្ម ជាពិសេស​ នៅពេលវាបាក់ស្រុតចុះ។ ទីពីរគឺ អាចមានការផ្ទុះឧស្ម័ន ដោយចៃដន្យ ដោយសារតែឧស្ម័ន មេតាន ប្រកបដោយ គ្រោះថ្នាក់បំផុត។ មានឧបសគ្គផ្សេងៗទៀត នៅពីមុខកម្មករធ្យូងថ្ម ដូចជា ការផ្ទុះម៉ាស៊ីនខួងអណ្តូង ការឆក់ខ្សែភ្លើង និងការធ្លាយជាតិគីមីពុល ក្នុងអណ្តូងរ៉ែធ្យូងថ្ម។

និយាយដោយខ្លី វាគឺការផ្សងនឹងគ្រោះថ្នាក់ ដែលធ្វើជាកម្មករ អណ្តូងរ៉ែធ្យូងថ្ម ហើយគេចាត់ទុកថា ជាការងារ​ដែលមាន គ្រោះថ្នាក់ជាងគេបំផុត នៅលើលោកនេះ។

 

ប្រភពៈ gsmarena

 

 

ហាមចំលងយកអត្ថបទ ទៅផ្សព្វផ្សាយ លើវិបសាយដទៃ ដោយគ្មានការអនុញ្ញាត
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល info@khreport.com
 
 
loading...
អ្នកនឹងចូលចិត្ត
ព័ត៌មានចុងក្រោយ
Adnow
ព័ត៌មានពេញនិយម